«ខ្ញុំធ្វើមិនកើតទេ» «​ដាក់តែផែនការ តែគ្មានបើកផ្លូវឱ្យ» ឬ​«ខ្ញុំមិនចេះ មិនអាចអនុវត្តវាបានទេ» ជាដើមជាពាក្យដែល បុគ្គលិក​ជាច្រើនលើកឡើង ដែលធ្វើឱ្យ​ម្ចាស់សហគ្រាស​ ឬស្ថាប័ន​ឈឺក្បាលនៅពេលចាប់ផ្តើមគម្រោងថ្មីម្តងៗ។

តាមពិតទៅ នៅពេលបង្កើតគម្រោងថ្មីៗ យើងត្រូវការការចូលរួមជាមតិយោបល់និងផែនការសកម្មភាពល្អៗពីបុគ្គលិកដែល​កំពុង​អនុវត្តផ្ទាល់ តែអ្វីដែលអ្នកគ្រប់គ្រងទទួលបានពីបុគ្គលិកភាគច្រើន គឺ​ការ​រអ៊ូ (complain) ដើម្បីកុំឱ្យ​ធ្វើសកម្មភាពថ្មី ព្រោះវាជារឿងដែលមិនអាចទៅរួច។ បន្ថែមពីលើនេះ ប្រសិនបើអ្នកគ្រប់គ្រង​ជម្នះគិត ហើយដាក់ផែនការឱ្យពួកគាត់ធ្វើវិញ យើងនឹងឃើញថា​ផែនការសកម្មភាពខ្លះ នឹងត្រូវបរាជ័យទៅវិញព្រោះបុគ្គលិកខ្លះចូលចិត្តមើលបញ្ហាច្រើនជាងដំណោះស្រាយ។

ហេតុនេះ ដើម្បីឱ្យបុគ្គលិក​ក្លាយជាមនុស្សវិជ្ជមាន និង​អាចចូលរួមអភិវឌ្ឍស្ថាប័នច្រើនជាងមុន អ្នក​ដឹកនាំគួរបង្រៀនឬពន្យល់ឱ្យពួកគាត់ប្រើប្រាស់វិធីសាស្រ្ត (tool) R&I (ធនធាន និង​គំនិតបង្កើត- Resources and Initiative)។ នៅក្នុង​វិធីសាស្រ្ត R&I នេះ លោក Stephen Covey អ្នកនិពន្ធសៀវភៅ​ 7 Habits of highly effective people បានលើកឡើងលើចំណុចសំខាន់ៗចំនួន៤ ដើម្បីឱ្យ​យើងក្លាយជាមនុស្សសកម្ម និងសម្រេចកិច្ចការងារគ្រប់យ៉ាង បើទោះបីជាយើងមិនធ្លាប់មានបទពិសោធន៍ច្រើន ឬជារឿងថ្មីសម្រាប់យើងក៏ដោយ។ វិធីសាស្រ្តដែលយើងអាចប្រើបានទាំង៤នោះគឺ៖

១. មនុស្ស

នៅពេលយើងទទួលគម្រោងថ្មីមួយ ប្រសិនបើយើងជាមនុស្សអវិជ្ជមាន យើងនឹងអាចឈឺក្បាលបើមេដឹកនាំមិនបានពន្យល់លម្អិតឬ​បង្រៀនយើងពីវិធីសាស្ត្រសម្រេចវា តែបើសិនយើងជាមនុស្សឯករាជ្យវិញ យើងនឹងយល់ថាវាជាឱកាសល្អក្នុងការបង្ហាញសមត្ថភាព។

នៅទីនេះគឺគេចង់ឱ្យយើងប្រមូលផ្តុំមនុស្សដែលមានសមត្ថភាពមកជួយ​លើគម្រោងថ្មីរបស់យើង។ ជាធម្មតា ការធ្វើការងារធំៗ និងថ្មីៗមិនអាចធ្វើតែម្នាក់ឯងដោយងាយស្រួលនោះទេ តែប្រសិនបើយើងចេះប្រមូលមនុស្សខ្លាំងមកជុំវិញខ្លួនយើង នោះយើងនឹងអាចដោះស្រាយវាបានយ៉ាងងាយ ទោះជាពីមុនយើងមិនដែលធ្វើវាក៏ដោយ។

២. ចំណេះដឹង

ជាទូទៅ បើយើងទទួលគម្រោងថ្មីណាមួយ ឬចង់ធ្វើអ្វីមួយដែលមិនធ្លាប់ធ្វើសោះ យើងមិនចាំបាច់ទៅប្រកែកភ្លាមៗថា យើងធ្វើមិនបាននោះទេ តែគួរសាកល្បងស្រាវជ្រាវឱ្យអស់ពីសមត្ថភាពជាមុនសិន។ ជាទូទៅឱ្យតែយើងព្យាយាម​ស្រាវជ្រាវ និងឃើញរឿងល្អៗជាច្រើន ដែលយើងមិនដែលធ្លាប់ដឹងពីមុនមកឬថាមិនត្រូវយើងអាចនឹងពង្រឹងសមត្ថភាពការងារបច្ចុប្បន្ននេះឱ្យកាន់តែខ្លាំងផងក៏ថាបាន ព្រោះគម្រោងថ្មីៗរបស់ស្ថាប័នភាគច្រើនទាក់ទងជាមួយនឹងគោលដៅសំខាន់របស់ក្រុមហ៊ុន ហើយក៏ទាក់ទងទៅនឹង​អ្វីដែលយើងកំពុងធ្វើខ្លះដែរ។ ហេតុនេះ មុននឹងប្រកែកថាធ្វើមិនបាន គួរ​សាកល្បងស្រាវជ្រាវ ឬសួរគេឱ្យអស់លទ្ធភាពសិន។

៣. បច្ចេកវិទ្យា

បច្ចុប្បន្ននេះ ជាសម័យបច្ចេកវិទ្យាដែលការងារជាច្រើន​ មើលទៅ​ដូចជា​មិនអាចទៅរួច តែបច្ចេកវិទ្យាអាចធ្វើបាន។ហេតុនេះប្រសិនបើគិតថា​ ការងារដែលមេដាក់ឱ្យឬគម្រោងណាមួយជារឿងមិនអាចទៅរួច គួរសាកល្បង​ស្វែងរកវិធីឆ្លាតវៃក្នុងបច្ចេកវិទ្យាឱ្យអស់លទ្ធភាពសិន។ ពេលខ្លះ​ដំណាក់កាលលំបាកនេះ អាចជា​ដំណាក់កាលសំខាន់ដែលធ្វើឱ្យជីវិតរបស់យើងផ្លាស់ប្តូរពីបុគ្គលធម្មតាមកជាអ្នកដែលមានសមត្ថភាពខ្លាំង​ជាងគេក្នុងស្ថាប័ន ដោយសារការប្រើបច្ចេកវិទ្យា។

៤. ហិរញ្ញវត្ថុ

ចំណុចនេះភាគច្រើនសម្រាប់អ្នក​រកស៊ី តែក៏មិនមែនមិនប្រាកដថាមិនត្រូវជាមួយអ្នកធ្វើការដែរ។ គម្រោងខ្លះដែលមេដាក់ឱ្យកុំថាឡើយគំនិត ឬ​ការណែនាំ សូម្បីតែ​លុយក៏គាត់មិនឱ្យដែរ។ ហេតុនេះ​មនុស្សជាច្រើន​តែងតែយល់ថាវាជាសម្ពាធ ហើយជារឿងមិនអាចទៅរួច។ ផ្ទុយមកវិញ ប្រសិនបើយើង​ជាមនុស្សវិជ្ជមាន និងមានឆន្ទៈច្បាស់លាស់ក្នុងការសម្រេចរឿងគ្រប់យ៉ាងចំពោះមុខ យើងអាចប្រើប្រាស់គ្រប់វិធីដើម្បីធ្វើវាឱ្យសម្រេច។ គម្រោងខ្លះគ្មានលុយក៏អាចសម្រេចបានដែរ ប្រសិនបើយើងដឹងវិធីធ្វើ ឬវិធីប្រើគម្រោងនេះទៅបង្កើតលុយ ជាឧទាហរណ៍ប្រសិនបើគម្រោងដែលយើងកំពុងធ្វើនេះ ជាព្រឹត្តិការណ៍សង្គមណាមួយយើងអាចស្នើសុំការសហការ និង​ការចូលរួមថវិកាពីភាគីពាក់ព័ន្ធផ្សេងៗបាន។

ចំពោះអ្នករកស៊ីវិញក៏ដូចគ្នា មុននឹងចាប់ផ្តើមគម្រោងកុំអាលផ្តោតខ្លាំងពេកលើរឿងលុយ តែត្រូវពិចារណាលើភាពប្រាកដនិយមនិង​ភាពច្បាស់លាស់របស់យើងជាមុនសិន។ ប្រសិនបើគម្រោងនោះច្បាស់លាស់និងល្អពិតប្រាដកហើយ យើងអាចមានវិធីច្រើនទៀតក្នុងការរកលុយឬប្រមូលមូលនិធិពាណិជ្ជកម្ម។ ហេតុនេះធ្វើអ្វីក៏ដោយបើមិនទាន់ខំអស់សមត្ថភាពកុំទាន់បោះបង់ចោល៕